ពិធីចុះហត្ថលេខាលើអនុស្សាណៈ នៃការយោគយល់គ្នារវាងរោងម៉ាស៊ីនកិនស្រូវ១៦៨៨ និងសហគមន៍ស្រែប្រាំង កសិកម្មកម្ពុជា
ចេញ​ផ្សាយ ១៥ ធ្នូ ២០១៧
489

ព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ គ.ស ២០១៧ ឯកឧត្តម ងួន សុជាតិ អភិបាលរងខេត្តកំពង់ធំបានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សាណៈ នៃការយោគយល់គ្នា រវាងរោងម៉ាស៊ីនកិនស្រូវ១៦៨៨ និងសហគមន៍ស្រែប្រាំងកសិកម្មកម្ពុជា នៅសណ្ថាគារក្លរៀសស្ថិតក្នុងភូមិ បល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ដោយមានការចូលរួមពីកញ្ញា បណ្ឌិត ចាន់ ផលលឿន នាយិកាគម្រោងជំរុញផលិតកម្មស្បៀង ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងតំណាងសហគមន៍កសិកម្មផលិតស្រូវចំណីទាំង១២ ក្នុងខេត្តកំពង់ធំ និងសៀមរាបប្រមាណជាង១០០ នាក់ ។

លោក សុផារិទ្ធ តំណាងភាគហ៊ុនម៉ាស៊ីនកិនស្រូវ១៦៨៨ បានមានប្រសាសន៍ថាការចុះអនុស្សារណៈ របស់ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវជាមួយសហគមន៍បានចូលរួមកាត់បន្ថយភាពក្រីក្រ និងបង្កើនការងារ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកបានបន្តថានៅឆ្នាំដំបូងនេះក្រុមហ៊ុនគ្រោងថវិកាចាប់ពី២ ទៅ៣លានដុល្លាអាមេរិកសម្រាប់ទិញស្រូវចំនួន៥ពាន់តោន គ្រោងសម្រាប់ឆ្នាំបន្ទាប់ និងមានការពង្រីកបន្ថែមទៀត ហើយរោងម៉ាស៊ីនកិនស្រូវរបស់លោកមានទីតាំងនៅ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍កសិកម្មស្រែប្រាំខេត្តកំពង់ធំ។

លោក ហង់ សុគន្ធ តំណាងសហគមន៍កសិកម្មផលិតស្រូវ ខេត្តកំពង់ធំបានលើកឡើងថា សមាគមរបស់លោកបង្កើតឡើង ក្នុងគោលបំណងជួយពង្រឹងសមត្ថភាពសមាគម ធ្វើអាជីវកម្មរួមគ្នា ដើម្បីផ្គត់ផ្គង់ដល់ខ្សែសង្វាក់ផលិតកម្មកសិកម្មនានា ក្នុងទិសដៅលើកកម្ពស់វិស័យកសិកម្មកម្ពុជា និងបង្កើនផលចំណូល ដល់សមាជិកសមាគម ឬសហគមន៍ប្រកបដោយនិរន្តរភាព តាមរយៈការទទួលបានឥណទាន ដែលមានអត្រាការប្រាក់ទាប និងបទបែនទៅតាមចរិតលក្ខណៈ នៃអាជីវកម្ម លើសពីនេះទៅទៀតការចុះអនុស្សារណៈ គឺប្រជាកសិករផ្ទាល់រួមទាំងរោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ជាជំហ៊ានដំបូង គឺទិញស្រូវសែនក្រអូបមានចំនួន ៥ពាន់តោន ហើយប្រសិនបើរោងម៉ាស៊ីនមានតម្រូវការលើសពីនេះទៀត ក៏សហគមន៍ផ្តល់ជូនបាន។

ឯកឧត្តម ងួន សុជាតិ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋបាលខេត្តកំពង់ធំ មានការយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្មហើយក៏ជាវិស័យអទិភាពមួយដែលត្រូវបានគិតគូរយ៉ាងខ្លាំង។ដោយឡែកនៅខេត្តកំពង់ធំមានផ្ទៃដីដាំដុះស្រូវវស្សាស្រូវបណ្តេញទឹក និងស្រូវប្រាំងមានរហូតទៅដល់ ៤៣ពាន់ហិចតា ក្នុងនោះផ្ទៃដីដាំដុះស្រូវបណ្តេញទឹក និងស្រូវប្រាំងមានចំនួន ២៨ ១៣៤ ហិចតា ដោយឃើញយ៉ាងដូច្នេះ ទើបមានការអនុស្សារណៈ ឬកិច្ចសន្យាផលិត និងទិញ រវាងក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវ ១៦៨៨ និងសហគមន៍កសិកម្មស្រែប្រាំង ក្នុងការផ្តល់ជាគន្លឹះ នៃការផ្តល់ទំនុកចិត្តដល់ប្រជាកសិករតាមកិច្ចសន្យា។

ក្នុងនោះទៀតសោតក៏បានផ្តល់ នូវភាពងាយស្រួលដល់ប្រជាកសិករលក់នូវទិន្នផលស្រូវ របស់ពួកគាត់ ដែលក្នុងពេលកន្លងមកកសិករតែងតែមានការត្អូញត្អែថាទំនិញរបស់ពួកគាត់ផលិតបានគ្មានទីផ្សារពិតប្រាកដ។ ឯកឧត្តមបានបន្តថា ដើម្បីចូលរួមចំណែកជំរុញវិស័យកសិកម្មនេះ ឲ្យបានជោគជ័យ ទាល់តែផ្តើមចេញពីក្រុមហ៊ុន ដែលមានសក្តានុពល ក្នុងការផលិតចាប់ពីផលិតរហូតដល់កិន ហើយនាំចេញដោយខ្លួនឯង នេះជាការចូលរួម ចំណែកដែលសំខាន់បំផុត ក្នុងការជួយស្តាវិស័យស្រូវអង្ករនៅកម្ពុជាយើង។ ចុងក្រោយឯកឧត្តម ផ្តាំផ្ញើឲ្យភាគ្គីទាំងសងខាង គោរពតាមគោលការណ៍ និងលក្ខន្តិកចុះអនុស្សារណៈផលិត និងទិញឲ្យបានខ្ជាប់ខ្ជួន ដើម្បីជាការជួយចូលរួម ក្នុងការអភិវភិវឌ្ឍវិស័យសេដ្ឋកិច្ច នៃកសិកម្មកកម្ពុជាផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter