ខេត្តកំពង់ធំសល់ស្បៀងលើសពីតម្រូវការប្រើប្រាស់ក្នុងខេត្តជាង ៣៣៦.០០០តោនអង្ករ
ចេញ​ផ្សាយ ២៨ ធ្នូ ២០១៧
448

ខេត្តកំពង់ធំ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ លោកធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ធំ​ បានឱ្យដឹង​​កាលពីថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី២៥ ​ខែធ្នូ ឆ្នាំ២០១៧ ថាតាមការ​ធ្វើតុល្យភាព​ស្បៀង​ប្រចាំឆ្នាំ២០១៧ សម្រាប់ប្រីប្រាស់​ឆ្នាំ​២០១៧-២០១៨​ ខេត្ត​កំពង់ធំ​សល់​ស្បៀងលើសពី​តម្រូវការប្រើប្រាស់​ក្នុងខេត្ត​ចំនួន​៣៣៦.០០០​តោនអង្ករ។​

លោកធីវ វណ្ណធីរ បានបញ្ជាក់ថា នៅរដូវវស្សាឆ្នាំ២០១៧ ប្រជាកសិករនៅ​ខេត្តកំពង់ធំ​អនុវត្តន៍​ធ្វើ​ស្រែ​បាន​ចំនួន​​ ២១៥.០០៨ហិកតា ខូចខាតដោយ​ទឹកជំនន់អស់​ចំនួន ១.៧០២ហិក តា និងស្ដារ​ឡើងវិញ​បានចំនួន ​១០០ហិកតា នៅសល់​ផ្ទៃដីប្រមូល​ផល​ចំនួន២១៣.៤០៦ហិក តា ទទួលបាន​ទិន្នផល​មធ្យម ២,៦៤០តោន​ក្នុង១ហិកតា ​ទទួលបានបរិមាណ​ផលចំនួន៥៦៣.៣៤២តោន។ ការអនុវត្តធ្វើស្រូវ​ប្រាំង​ឆ្នាំ២០១៧-២០១៨​ នេះ​តាមការប៉ាន់ស្មាន​បានចំនួន ៥២.២១៧ហិកតា ទទួលបាន​ទិន្នផលមធ្យម​ ៤,៤៥៦តោន ក្នុង១ហិកតា​ ទទួលបានបរិមានផលចំនួន ២៣២.៦៨៣​តោន។

សរុបបរិមាណផលស្រូវប្រាំងនិងស្រូវវស្សាមានចំនួន ៧៩៦.០២៤តោន និងបាន​កាត់ចេញ​១៣ភាគ​រយលើ​បរិមាណផល​ស្រូវសរុប​សម្រាប់ទុកពូជ ​និងការបាត់បង់​ពេលប្រមូល​រួចហើយ។ ដោយឡែក​ស្រូវ​សម្រាប់​ប្រើប្រាស់នៅសល់​ក្រោយកាត់ចេញ​១៣ភាគរយមានចំនួន ៦៩២.៥៤១តោន។សរុប​ស្បៀង​គិតជាអង្ករ​មានចំនួន​៤៤៣.២២៦តោន។ តម្រូវការស្បៀង​សម្រាប់ប្រើប្រាស់​ក្នុងខេត្ត​ក្នុង​១ឆ្នាំចំនួន ​១០៧.១៣៥តោន ដូច្នេះបរិមាណស្បៀង​នៅសល់លើស​ពីតម្រូវការ​ប្រើប្រាស់​ក្នុងខេត្ត​ចំនួន៣៣៦.០៩១តោនអង្ករ បើគិត​ជា​ស្រូវវិញមានចំនួន ៥២៥.១៤៣តោន៕

 

ចំនួនអ្នកចូលទស្សនា
Flag Counter