ប្រើប្រាស់ពូជស្រូវសុទ្ធមានគុណភាពល្អ បង្កើនទិន្នផលស្រូវ គុណភាពស្រូវ ទទួលបានតម្លៃខ្ពស់ បង្កើនគុណភាពអង្ករសម្រាប់នាំចេញ និងបង្កើនប្រាក់ចំណេញដល់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់ផលិតកម្មស្រូវ-អង្ករ។ តាមរយៈអន្តរាគមន៍របស់គម្រោងជំរុញផលិតកម្មស្បៀងរយៈពេលមួយឆ្នាំកន្លងមក ទិន្នផលស្រូវក្រអូបជាមធ្យមរបស់សហគមន៍កសិកម្មជាង ៧០ សហគមន៍ ដែលទទួលផលពីគម្រោងក្នុងឆ្នាំ២០១៧ ទទួលបាន ៣,៧ តោន/ហិកតា ក្នុងកម្រិតសំណើម១៤%។
#ខេត្តកំពង់ធំ៖ ព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងទី២៧ ខែមីនា ឆ្នាំ២០១៧ បណ្ឌិត ចាន់ ផលលឿន នាយិកាគម្រោងជំរុញផលិតកម្មស្បៀង លោក ធីវ វណ្ណធីរប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងលោក សៀង ម៉ាប់ អភិបាលរងស្រុកស្ទោង បានចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួល ពូជស្រូវផ្ការំដួលចំនួន ៥០,៧០ តោន ឃ្លាំងស្តុកគ្រាប់ពូជ និងលានហាលស្រូវ ដល់សហគមន៍កសិកម្មសណ្តាន់សាមគ្គីមានជ័យ (សម្រាប់ធ្វើផលិតកម្មស្រូវពូជ និងស្រូវចំណី) និងសហគមន៍ចំណាលើរីកចម្រើន (សម្រាប់ផលិតកម្មស្រូវចំណី) នៅភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានការចូលរួមពីតំណាងរោងម៉ាស៊ីនកិនស្រូវ១៦៨៨ អាជ្ញាធរមូលដ្ឋាន និងកសិករចំនួន ១៦០ នាក់។ ពូជស្រូវនេះ ត្រូវបានផលិតនិងផ្គត់ផ្គង់ដោយសហគមន៍ចំនួន០២ ក្នុងខេត្តកំពង់ធំ គឺសហគមន៍សណ្តាន់សាមគ្គីមានជ័យ និងសហគមន៍ផលិតកម្មឈូកកខ្សាច់ ដែលទទួលបានការគាំទ្រពីគម្រោងជំរុញផលិតកម្មស្បៀង។