ខេត្តកំពង់ធំ ៖
ព្រឹកថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៨។ ព្រៃឈើមានសារៈសំខាន់ណាស់ ចំពោះជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ វាផ្តល់សារៈប្រយោជន៏យ៉ាងច្រើនដូចជា ផ្តល់មកនូវម្លប់ ផ្លែផ្កា អុសសំរាប់ដុត ជាឈើសំណង់ ជាជម្រកសត្វព្រៃ ជម្រកមច្ឆាជាតិ ជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀងសំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោក។
ដើម្បីបន្តការថែរក្សាប្រពៃណីដាំដុះដីព្រៃឈើស្តាឡើងវិញ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ រួមជាមួយមន្ទីរកសិកម្មខេត្តកំពង់ធំ បានប្រារព្វពិធីបុណ្យរុក្ខទិវាដាំដើមឈើ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ រួមទាំងប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការចូលរួមក្នុងរុក្ខទិវាដាំកូនឈើ នៅលើផ្ទៃដី សម្បទានសង្គមកិច្ច ២ហិកតារ មានកូនឈើបេង ឈើគ្រញូង ឈើធ្នង់ នៅភូមិសែនអភិវឌ្ឍន៍១ ស្ថិតក្នុងភូមិសាស្រ្តឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
លោកធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានមានប្រសាសន៍ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខណ្ទរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានរៀបចំរុក្ខទិវាដំាកូនឈើ ធ្វើអោយតំបន់ដីព្រៃរេចរិល ទទួលការដាំដុះដីព្រៃឈើឡើងវិញ ក្នុងគោលបំណង ចូលរួមការពារថែរក្សាព្រៃឈើការពារបរិស្ថានធម្មជាតិ អោយបានគង់វង្ស ដោយមានការចូលរួមពីសំណាក់ មហាជនជាច្រើន ជាពិសេសសិស្សានុសិស្ស ប្រជាពលរដ្ឋ ក្នុងគោលបំណង ថែរក្សាការពារ និង បណ្តុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ដែលកំពុងតែរងកាប់បំផ្លាញដែលធ្វើឲ្យបាត់បង់បន្តិចម្តងៗ ដូចច្នេះដើម្បីជាប្រយោជន៏ ដល់ខ្លូនយើងផ្ទាល់ និងជីវិតសត្វព្រៃគ្រប់ប្រភេទ ប្រពន្ធជីវៈចម្រុះ គឺត្រូវចូលរួមទាំងអស់គ្នា ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា បុណ្យរុក្ខទិវា គឺត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ ព្រះមហាវីរក្សត្យ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សី ហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងការថែរក្សាសម្បត្ដិព្រៃឈើជាតិ តែពិធីនេះបានអាក់ខានមួយរយៈ រហូតដល់ឆ្នាំ១៩៨៩ ទើបចាប់ផ្ដើមឡើងវិញ ក្នុងបំណងបន្ដប្រពៃណីរុក្ខទិវានិងស្ដារព្រៃឈើឡើងវិញ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានផ្តាំផ្ញើរដល់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងផ្ទៃដីសម្បទានសង្គមកិច្ច សូមជួយថែរក្សាព្រៃឈើដែលធ្វើការដំាដុះទាំងនេះ រួមទាំងព្រៃឈើឯទៀតដើម្បីសម្រាប់កូនចៅគាត់ទៅជំនាន់ក្រោយ ព្រោះព្រៃឈើគឺជាជីវិតយើង គឺជាប្រភពចំណូលនៃសេដ្ឋកិច្ច ដោយមនុស្សយើងត្រូវបានផ្សារភ្ជាប់ជាធម្មជាតិព្រៃឈើជារៀងរហូតមក ដោយមិនអាចកាត់ផ្តាច់គ្នាបានឡើយ ដូច្នេះសូមឲ្យជួយគ្នាការពារថែរក្សាព្រៃឈើ អភិរក្សព្រៃឈើ រួមទាំងបន្តប្រពៃណីដាំដុះបន្តទៀត ។