ដំណើរទស្សនកិច្ចរបស់ឯកឧត្តម​ វេង​សាខុន​ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នាថ្ងៃទី២៩​ ខែ​កញ្ញា​ ​ឆ្នាំ២០១៨
ចេញ​ផ្សាយ ៣០ កញ្ញា ២០១៨
526

នារសៀលថ្ងៃសៅរ៍​ ៥រោច​ ខែភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៨​

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញចុះទៅពិនិត្យមជ្ឈមណ្ឌលសម្ងួត និងស្តុកស្រូវ អេមរុរ៉ាយស៍ កំពង់ធំរបស់ក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice) ដែលមានហេដ្ឋារចនាសម្ព័ន្ធបំពាក់ដោយប្រព័ន្ធកុំព្យូទ័រទំនើបៗចុងក្រោយតាមស្តង់ដារ ដូចជាឃ្លាំងស្តុកស្រូវ ឡសម្ងួត និងម៉ាស៊ីនកិនស្រូវលើផ្ទៃដី ១៥ហត នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ  ដែលជាកន្លែងប្រមូលផ្តុំស្រូវដែលផ្គត់ផ្គង់ដោយសហគមន៍ តាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា ហើយក៏ជាកន្លែងចុងក្រោយនៃខ្សែចង្វាក់ផលិតកម្មស្រូវមុនធ្វើការលក់ចេញទាំងនៅក្នុងស្រុក និងនាំចេញ។ អ្វីដែលគួរជាទីមោទនៈនោះគឺ បច្ចុប្បន្នទូទាំងប្រទេស ក្រុមហ៊ុនបានអនុវត្តផលិតកម្មកសិកម្មដំណាំស្រូវជាមួយ ៤៧សហគមន៍ ក្នុងខេត្តគោលដៅចំនួន ៧ ដូចជាខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។ ហើយបានបង្កើនការងារជូន ៦ ២៤២គ្រួសារ លើផ្ទៃដីសរុប ១៨ ៨៩១ហត ដើម្បីផលិតស្រូវប្រមាណជា ៥២ ៤៧៦តោនសម្រាប់កែច្នៃ និងផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងនាំចេញ។ 

ទន្ទឹមនឹងនេះ ហេដ្ឋារចនាសម្ព័ន្ធដូចជាឃ្លាំងស្តុកស្រូវដែលបានសាងសង់អស់ជាង ៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងមានលទ្ធភាពស្តុកទុកស្រូវបានជាង ៦ម៉ឺនតោនក្នុង ១រដូវកាល។ ដោយឡែក ចំពោះឡសម្ងួតវិញ គឺអាចសម្ងួតបានជាង ១ ៦០០តោនក្នុង ១ថ្ងៃ។ សរុបពីការវិនិយោគគឺក្រុមហ៊ុនបានចំណាយថវិកាអស់ប្រមាណជា ៩លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះក៏មានការចូលរួមផ្តល់កម្ចីឥណទានពីធនាគារអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលផងដែរ។  

ចំនួនអ្នកចូលទស្សនា
Flag Counter