ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះសួរសុខទុកប្រជាកសិករ និងពិនិត្យការងារប្រមូលផលស្រូវប្រាំង ក្នុងខេត្តកំពង់ធំ
ចេញ​ផ្សាយ ២៨ មករា ២០១៩
529

នៅរសៀលថ្ងៃអាទិត្យ ៧រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងប្រតិភូអមដំណើរបានអញ្ជើញចុះមកពិនិត្យសកម្មភាពប្រមូលផលស្រូវប្រាំង របស់ប្រជាកសិករនៅភូមិកោះគ្រាប់បាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

បើយោងតាមការបញ្ជាក់របស់លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានឱ្យដឹងថា ជាទូទាំងខេត្តកំពង់ធំមានផ្ទៃដីដំដុះស្រូវប្រាំងចំនួនជាង ៦ម៉ឺនហត ហើយមកទល់ពេលបច្ចុប្បន្ននេះ ការប្រមូលផលបានជាង ៤ពាន់ហតហើយ រីឯទិន្នផលទទួលបានជាមធ្យម ប្រមាណជា ៤-៤,៥តោនក្នុង១ហត។ សម្រាប់ថ្ងៃនេះ ស្រូវចំណីមានតម្លៃ ៦៩០រៀល/kg ដោយឡែកស្រូវក្រអូបកសិករដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន AMRU RICE ទិញក្នុងតម្លៃ ១ ១៥០រៀល/Kg។

ប្រជាកសិករម្ចាស់ស្រែបានឱ្យដឹងថានៅតំបន់នេះ ជាទូទៅកសិករបានប្រើពូជ OM៥១៥៤ ហើយនិងពូជស្រូវក្រអូប ទន្ទឹមនឹងនេះ ពួកគាត់អាចធ្វើស្រែប្រាំងបាន ២ដង/រដូវ ដោយសារមានប្រព័ន្ធប្រឡាយដែលបានកសាងឡើងដោយគម្រោងកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលអូស្រ្តាលី និងប្រព័ន្ធប្រឡាយរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកឯកជន ដែលគេគិតក្នុង១ហត/១០៥ដុល្លារ គឺចាប់ពីពេលព្រោះ ដល់ពេលប្រមូលផល។ មានមតិទៅកាន់ប្រជាកសិករម្ចាស់ស្រែ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យពួកគាត់រៀបចំចងក្រងជាសហគមន៍ផលិតទាំងស្រូវចំណី និងស្រូវពូជ រួចសហការផលិតជាមួយដៃគូឯកជនតាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ប្រយោជន៍ដើម្បីធានាតម្លៃ បរិមាណផ្គត់ផ្គង់ ផលិតពូជសុទ្ធល្អ អង្ករមានគុណភាព និងគួរប្រើប្រាស់ពូជ ណាដែលទីផ្សារត្រូវការ។ ចំពោះមុខឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាឲ្យ អគ្គនាយកដ្ឋានកសិកម្ម ជាពិសេស នាយកដ្ឋានដំណាំស្រូវ សហការជាមួយមន្ទីរចុះមកសិក្សាពីតម្រូវការពូជ លក្ខខ័ណ្ឌក្សេត្របរិស្ថាននៃដំណាំស្រូវនៅតំបន់នេះ  ។

ចំពោះកត្តាសត្វចង្រៃ និងជំងឺ នាយកដ្ឋានការពារដំណាំ ត្រវសហការជាមួយមន្ទីរកសិកម្ម អាជ្ញាធរមូលដ្ឋាន និងម្ចាស់ស្រែ ចុះមកសិក្សា ស្រាវជ្រាវ ដើម្បីដាក់ចេញវិធានការកំចាត់ និងការពារដំណាំស្រូវឲ្យបានទាន់ពេលវេលា រួមទាំងតាមដានត្រួតពិនិត្យមើលគុណភាព និងប្រសិទ្ធភាពនៃថ្នាំ និងជីដែលកសិករបាន និងកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ។ ទីផ្សារស្រូវចំណីភាគច្រើនគឺឈ្មួញបាននាំចេញទៅប្រទេសវៀតណាម និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយឡែកស្រូវក្រអូប ក្រុមហ៊ុនក្នុងស្រុកធ្វើកិច្ចសន្យាទទួលទិញ កែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ដោយឡែកទាក់ទងទៅនឹងតម្លៃស្រូវដែលធ្លាក់ចុះប៉ុន្មានថ្ងៃនេះ ឯកឧត្តមបានស្នើឲ្យមន្ទីរធ្វើការពិគ្រោះជាមួយនឹង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត អាចកោះប្រជុំជាមួយអ្នកប្រមូលទិញស្រូវក្នុងខេត្តដែលនាំទៅកាន់ប្រទេស វៀតណាម ដើម្បីពិនិត្យមើលពីមូលហេតុពិតប្រាកដ ព្រោះមិនមានជាប់ពាក់ព័ន្ធជាមួយនឹងការនាំអង្ករកម្ពុជាទៅកាន់សភាពអឺរ៉ុបនោះទេ ។

ចំនួនអ្នកចូលទស្សនា
Flag Counter