ព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩
លោក ធីវ វណ្ណធីរ និងសហការីចូលរួមវេទិកាស្តីពីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា តំណាងក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍ សមាជិក សមាជិកាប្រមាណ ៤០០នាក់ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ វេទិកានាពេលនេះមានគោលបំណងដើម្បីបង្កើតឱកាសឱ្យសមាជិក សមាជិកាបានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយគ្នាដើម្បីពិភាក្សា ផ្លាស់ប្តូរ ឬចែករំលែកបទពិសោធន៍ ត្រួតពិនិត្យ តាមដានអំពីវឌ្ឍនភាព កាលានុវត្តភាព បញ្ហាប្រឈមនានាដែលបាននិងកំពុងជួបប្រទះក្នុងការអនុវត្តការងារវិស័យកសិកម្មកន្លងមក និងនៅចុងបញ្ចប់នៃវេទិកាសមាជិកអាចយកបទពិសោធន៍ល្អ យន្តការនៃការដោះស្រាយបញ្ហាជាប្រព័ន្ធ ជារបៀប តាមលក្ខណៈបច្ចេកទេស និងតាមនីតិវិធីច្បាប់ត្រឹមត្រូវ ច្បាស់លាស់ដើម្បីធ្វើការអភិវឌ្ឍវិស័យកសិកម្មទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។
វេទិការនេះបានផ្ដល់ឱកាសឱ្យសមាជិក សមាជិកាបានចែលរំលែកបទពិសោធន៍ ចោទសួរ ផ្តល់ចម្លើយ និងសំណូមពរយ៉ាងក្បោះក្បាយទាក់ទងនឹងប្រធានបទទី១- ការនាំចូលគ្រឿងបន្លាស់គ្រឿងយន្តកសិកម្មជាប់ពន្ធ ទី២- បញ្ហារោងសម្ងួតគ្រាប់ធញ្ញជាតិ និងបញ្ហាតម្លៃអគ្គីសនី ទី៣- ការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ ទី៤- បញ្ហាបែបបទនីតិវិធីរដ្ឋបាល និងនីតិវិធីច្បាប់ក្នុងការនាំចេញផលិតផលកសិកម្ម ជាពិសេសការចេញវិញ្ញាបណ្ណបត្រអនាម័យ និងភូតគាមអនាម័យ (SPS) ទី៥- វិធានការការពារគុណភាពដី ទី៦- ច្បាប់ស្តីពីព្រៃឈើ ការធ្វើអាជីវកម្ម និងការដាំឈើឧស្សាហកម្ម ទី៧- វិស័យផលិតកម្មសត្វ សុខភាពសត្វ ពិសេសជំងឺប៉េស្តជ្រូកអាហ្វិច ទី៨- វិស័យជនផល វារីវប្បកម្ម បទល្មើសនេសាទ និងវិធានការ។