ត្រីចម្រុះបានងាប់ប្រមាណ២៥តោន នៅបឹងទន្លេឆ្មារ ក្នុងតំបន់បឹងទន្លេសាបនាពេលថ្មីៗនេះ
ចេញ​ផ្សាយ ៣០ មេសា ២០១៩
562

#កំពង់ធំ

សមត្ថកិច្ចជំនាញនៃខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានបញ្ជាក់ថាមានត្រីចម្រុះបានងាប់ប្រមាណ២៥តោន នៅបឹងទន្លេឆ្មារ ក្នុងតំបន់បឹងទន្លេសាបនាពេលថ្មីៗនេះ ។

លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានមានប្រសាសន៍ថាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៩ នៅកន្លែងអភិរក្សជលផលទន្លេឆ្មា មានខ្យល់ព្យុះរយៈពេល ២ម៉ោង ៥០នាទី ដែលខ្យល់បានចាប់ផ្តើមពីម៉ោង (១៧:៥០នាទី ដល់២០:៤០នាទី) បណ្តាលឱ្យត្រីងាប់សរុបចំនួន ២៥.៥តោន ។ ក្នុងនោះមានប្រភេទត្រីរៀលចំនួន ១២តោន ,ត្រីក្រពាត់ និងត្រីសណ្តាយចំនួន ២តោន ,ត្រីឆ្លាំងចំនួន២តោន , ត្រីច្រកែងចំនួន ៣តោន ,ត្រីឆ្ពិនចំនួន ៣តោន ,ត្រីតាអោនចំនួន ១តោន ,ត្រីកេសចំនួន ០.៥តោន, ត្រីខ្មាន់ចំនួន ២តោន  ។ ត្រីដែលងាបត្រូវបានប្រជាពលរដ្ឋដែលរស់នៅតំបន់នោះទៅដួសយក ដែលមានទូកសរុបចំនួន ១២០គ្រឿង ។

លោកបានបន្តថាមូលហេតុដែលធ្វើឱ្យត្រីទាំងនោះងាប់ គឺបណ្ដាលមកពីសីតុណ្ហភាពក្ដៅខ្លាំងដែលហួសទៅនឹងការបន្ស៊ាំរបស់ត្រី នៅពេលមានខ្យល់ព្យុះធ្វើឱ្យកម្រិតកករកើនឡើង និងបំភាយជាតិពុលនៅស្រទាប់បាត (ភក់ពុល) ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការដកដង្ហើមរបស់ត្រី ។  ចំណែកត្រីដែលនៅសេសសល់ គឺត្រូវបានយកចិត្តទុកដាក់ ចាត់វិធានការ ជួយសង្រ្គោះត្រីមេពូជ នៅក្នុងបឹង តាមលក្ខណៈបច្ចេកទេសឱ្យអស់ពីលទ្ធភាពដែលអាចធ្វើទៅបាន ។

ចំនួនអ្នកចូលទស្សនា
Flag Counter