#ខេត្តកំពង់ធំ
ថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរៀបចំពិធីបើកកិច្ចប្រជុំបូកសរុបការកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំនៅសាលប្រជុំសាលាខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុបចំនួន ២៤៨នាក់ ស្រី ៣៦នាក់ មកពីបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក អង្គការដៃគូរពាក់ព័ន្ធនានា និងមន្រ្តីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ។
លទ្ឋផលនៃកិច្ចប្រជុំនេះរួមមានដូចខាងក្រោម៖
I.លទ្ឋផលសម្រេចបានការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
បទបង្ហាញរបស់ការិយាល័យកសិកម្មស្រុកចំនួន ០៤ (បួន) ស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុកបារាយណ៍ ស្រុកសណ្តាន់ និងវិស័យមានអាទិភាពចំនួន ០៦ (ប្រាំមួយ) ៖ វិស័យកសិកម្ម វិស័យផលិតកម្មនិងបសុព្យាបាល វិស័យព្រៃឈើ និងវិស័យជលផល ដែលឆ្លុះបញ្ចាំងពីលទ្ឋផលសម្រេចបានដូចខាងក្រោម៖
១.វិស័យកសិកម្ម
សម្រាប់ឆ្នាំ២០១៩ កន្លងទៅនេះ ការងារបង្កបង្កើនផលអនុវត្តបានសរុបចំនួន ២៩០ ៣៤៥ (ពីររយកៅសិបពាន់ បីរយសែសិបប្រាំ) ហិកតាក្នុងនោះស្រូវរដូវវស្សាលើផ្ទៃដីចំនួន ២២៤ ៨៩០ ហិកតា និងស្រូវរដូវប្រាំងលើផ្ទៃដីចំនួន ៦៥ ៤៥៥ហិកតា ទិន្នផលជាមធ្យមប្រមាណ ៣,០៣១ តោន/ហិកតា បរិមាណផលស្រូវទទួលបាន ៨៦៩ ៧០៧តោន ។ ដូចនេះយើងអាចគណនាទៅលើការប្រើប្រាស់ ស្រូវ-អង្ករ សម្រាប់ឆ្នាំ២០១៩នេះ ឃើញថា ៖ ក្រោយពីការកាត់ចេញសម្រាប់ការទុកពូជ ការបាត់បង់ក្រោយប្រមូលផល ការចិញ្ចឹមសត្វ និងតម្រូវការស្បៀងនៅទូទាំងខេត្ត គឺនៅមានអតិរេក ជាស្រូវ ចំនួន ៥៨២ ៦២០តោន បើគិតជាអង្ករចំនួន ៣៧២ ៨៧៧តោន ដែលនៅសល់សម្រាប់ផ្គត់ផ្គង់ ភ្ញៀវទេសចរណ៍ និងការនាំចេញទៀតផង ។ ដោយមានការបម្រែបម្រួលអាកាសធាតុ និងទទួលរងនូវឥទ្ធិពលបាតុភូតធម្មជាតិមិនប្រក្រតីកន្លងទៅថ្មីនេះ ធ្វើឱ្យការងារកសិកម្មប្រឈមនឹងគ្រោះរាំងស្ងួតនៅពាក់កណ្តាលខែកក្កដា និងគ្រោះទឹកជំនន់នាពាក់កណ្តាលខែកញ្ញា បានបង្កផលប៉ះពាល់លើស្រូវរដូវវស្សាសរុប ២២ ៦៦០ហិកតា ក្នុងនោះដោយគ្រោះរាំងស្ងួត ១៥ ៩៥៧ ហិកតា និងដោយទឹកជំនន់ ៦ ៧០៣ហិកតា ព្រមទាំងបង្កឱ្យខូចខាតស្រូវរដូវវស្សាសរុបចំនួន ៤ ១១៣ហិកតា ប៉ុន្តែបានស្តារការឡើងវិញចំនួន ៩៥០ហិកតា ។
ចំពោះដំណាំរួមផ្សំសម្រេចបានសរុប ៥៣ ៤០១ ហិកតា ធៀបទៅនឹងឆ្នាំមុនខ្ពស់ជាង ២ ០៦២ហិកតា ប៉ុន្តែដំណាំបន្លែគ្រប់មុខ ដែលកសិករដាំដុះជាលក្ខណៈគ្រួសារ មានចំនួន ៣៥២ហិកតា ធៀបនឹងឆ្នាំមុនទាបជាង ១៣៨ហិកតា ។ ការដាំដុះដំណាំបន្លែសុវត្ថិភាព មាននៅក្នុងស្រុកគោលដៅចំនួន២ គឺស្រុកកំពង់ស្វាយ និងស្រុកបារាយណ៍ កសិករសរុបចំនួន ១១៤គ្រួសារ សម្រាប់ផ្គត់ផ្គង់ទីផ្សារតាមគោលការណ៍បច្ចេកទេសកសិកម្មល្អ (GAP : Good Agricultural Practice ) មានបន្លែចំនួន២៣មុខ លើផ្ទៃដីចំនួន ៦២,២ហិកតា ទទួលបានបរិមាណផលសរុបប្រចាំឆ្នាំចំនួន ៤ ៦៩៨តោន មានការគាំទ្រពីគម្រោងជំរុញផលិតកម្មស្បៀង (BFP Boosting Food of Production program ) ក្រោមឥណទានរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ទូទាំងខេត្តកំពង់ធំមានសហគមន៍កសិកម្មសរុបចំនួន ៦៨សហគមន៍ មានសមាជិកសរុប ៧ ៥១៥នាក់ ស្រីចំនួន ៥ ៨២៨នាក់ ។
ខេត្តកំពង់ធំមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ២៨ក្រុមហ៊ុន (ក្រុមហ៊ុនខ្មែរ ១៦ ក្រុមហ៊ុនវៀតណាម ១១ និងក្រុមហ៊ុនកូរ៉ែ ០១) ។
ផ្ទៃដីស្នើសុំសរុបមានចំនួន ១០២ ៨៩២,១៥ហិកតា ផ្ទៃដីដាំដុះកៅស៊ូសរុបចំនួន ៦១ ៦៧២,៤៩ហិកតាផ្ទៃដីចៀរជ័រសរុបចំនួន ៤០ ៧៦២,៦៥ហ.ត និងផ្ទៃដីចុះបញ្ជីសរុបចំនួន ៦២ ១៧៦,៣៩ហ.ត ។ ដំណាំកសិឧស្សាហកម្មដែលមានសក្តានុពល នៅក្នុងខេត្តក្រៅពីកៅស៊ូ មានដំណាំស្វាយចន្ទីចំនួន ៧៨ ៤៥៥ហិកតា ដំឡូងមី ចំនួន ៥១ ១៨៦ហិកតា និងស្វាយកែវល្មៀតចំនួន ១១ ៨៨៩ហិកតា ។
២.វិស័យផលិតកម្ម និងបសុព្យាបាល
ស្ថិតិសត្វក្នុងខេត្តសម្រាប់ឆ្នាំ២០១៩ នេះសរុបចំនួន ១ ២០១ ៦៩៣ក្បាល ថយចុះចំនួន ៤៤ ២៩៩ក្បាលបើធៀបនឹងឆ្នាំមុន ។ កសិដ្ឋានចិញ្ចឹមសត្វសរុបចំនួន ៥០កន្លែង ក្នុងនោះកសិដ្ឋានចិញ្ចឹមជ្រូក ១៤កន្លែង កសិដ្ឋានចិញ្ចឹមមាន់ ២៨កន្លែង និងកសិដ្ឋានចិញ្ចឹមទា ០៨កន្លែង ។ បានបង្កើតឡជីវឧស្ម័នសរុបចំនួន ០៨ឡ ស្រុកបារាយណ៍ ០១ឡ ស្រុកតាំងគោក ០២ឡ និងស្រុកសណ្តាន់ ០៥ឡ ។ ដោយឡែកការបង្កាត់គោសិប្បនិមិត្តសរុប ៣៩ក្បាល(ពូជ អិនឌូប្រេស៊ីល) ។
៣.វិស័យជលផល
ខេត្តកំពង់ធំមានកន្លែងអភិរក្សសរុបចំនួន ៧៩កន្លែង ក្នុងនោះកន្លែងអភិរក្សជលផលចំនួន ០៥កន្លែង និងកន្លែងអភិរក្សសហគមន៍នេសាទ និងស្រះជម្រកត្រីចំនួន ៧៤ កន្លែង ដោយមានស្នាក់ការយាមកន្លែងអភិរក្សចំនួន ១០ស្នាក់ការ (សង់ពីថ្ម០១ និងផែបណ្តែតទឹក ០៩) ។ ផលនេសាទចាប់បានមានចំនួន ៥២ ៥៨០តោនក្នុងនោះនេសាទក្នុងដែននេសាទគ្រួសារបាន៣៧ ៣៧០តោន និងនេសាទគ្រួសារតាមវាលស្រែបាន១៥ ៤៧០តោន ។ ខណ្ឌរដ្ឋបាលជលផលបានរៀបចំប្រលែងកូនត្រីពូជ (កូនត្រីឆ្ពិន និងកូនត្រីប្រលូង) ចំនួន៥០ ០០០ក្បាល និងមេត្រីពូជបានចំនួន ១០០គីឡូក្រាម ។ សហគមន៍នេសាទមានចំនួន ៤៣ សហគមន៍ និងស្រះជម្រកត្រីចំនួន ៤៤ស្រះ ។
ការបង្រ្កាបបទល្មើសជលផលក្នុងឆ្នាំ២០១៩សម្រេចបានចំនួន ២៤៩ករណី ក្នុងនោះរុះរើបំផ្លាញចោលចំនួន ២២៩ករណី និងបញ្ជូនទៅតុលាការចំនួន ២៥ករណី ។
៤.វិស័យព្រៃឈើ
ខេត្តកំពង់ធំមានព្រៃសហគមន៍សរុបចំនួន ៨៣កន្លែង មានផ្ទៃដី ៧៤ ៥៥៨,០២ ហិកតា មានស្ថានីយស្តារ និងអភិវឌ្ឍព្រៃឈើ ០៤កន្លែង ផ្ទៃដីសរុប ២ ៩៤៨ ហិកតា ចំការពូជឈើចំនួន ១កន្លែង ផ្ទៃដីសរុបចំនួន ១០៤ ហិកតា ព្រៃជំនឿសាសនាចំនួន ០៦ មានផ្ទៃដី ២០,៦៧ហិកតា កន្លែង សួនដាំឈើអនុស្សាវរីយ ០៨កន្លែង ផ្ទៃដីចំនួន ១ ១៣៥,៣៤៧ហិកតា ។ ខណ្ឌរដ្ឋបាលព្រៃឈើបានរៀបចំរុក្ខទិវាថ្នាក់ខេត្ត លើផ្ទៃដី ៣ហិកតា ដាំកូនឈើសរុបចំនួន ១ ២០០ដើម ( នាងនួន ៣០០ដើម បេង ៣០០ដើម ធ្នង់ ៣០០ដើម និងក្រញូង ៣០០ដើម) អ្នកចូលរួមសរុបចំនួន ៦០០នាក់ នៅសហគមន៍ព្រៃឈើអូរក្រញ៉ាក ស្ថិតក្នុងភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ ការបង្រ្កាបបទល្មើសសរុបចំនួន ២៤៤ករណី ធ្វើការពិន័យអន្តរការណ៍ ១៣២ ករណី និងបញ្ជូនទៅតុលាការចំនួន ១១២ករណី ។
II. បញ្ហាប្រឈម ៖
- បម្រែបម្រួលអាកាសធាតុគួបផ្សំ និងចំណេះដឹងកសិករមានកំរិតជាបញ្ហា ដែលប្រឈមបំផុតចំពោះការងារបង្កបង្កើនផល
- ការផលិតស្រូវ បន្លែមិនទាន់មានការប្រមូលផ្តុំជាក្រុមផលិត
- ការផលិតរបស់កសិករមានលក្ខណៈផ្សងព្រេង មិនមានកិច្ចសន្យាផលិត តម្លៃផលិតផលធ្លាក់ចុះខ្លាំង
- ការវិនិយោគមានការចំណាយលើធាតុចូល ក្នុងការផលិតខ្ពស់ជាងប្រទេសជិតខាង
- បន្លែនាំចូលពីប្រទេសជិតខាងមានតំលៃថោកជាងបន្លែផលិតក្នុងស្រុក
- ខ្វះនូវទំនុកចិត្តគ្នារវាង រោងម៉ាស៊ីនកិនស្រូវ និងកសិករជាអ្នកផលិត(មិនទាន់គោរពនូវកិច្ចសន្យា១០០%)
- ក្រុមហ៊ុនទិញផលិតផលក្នុងតម្លៃទាបខុសពីកិច្ចសន្យា
- ការប្រើប្រាស់ថ្នំាពុលគីមី របស់កសិករខ្វះបច្ចេកទេស អាចបណ្តាលកត្តាជំងឺនិងសត្វល្អិតចង្រៃថ្មីនិងមានភាពស៊ាំខ្លាំងជាងមុន
- ជំងឺម៉ូសាអ៊ិកលើដំឡូងមីកំពុងរាតត្បាតខ្លាំង
- មានការគំរាមកំហែងលើទីផ្សាផលិតផលដំណាំ មិនមានស្ថានភាពស្ថិតស្ថេរ (ស្រូវ បន្លែ,ដំឡូងមី,ស្វាយកែវល្មៀត ។ល។)
- ការនាំចូលចំណីសត្វមានតម្លៃថ្លៃ
- ខ្វះសម្ភារៈ បរិក្ខាបសុពេទ្យ និងមធ្យោបាយសម្រាប់ចុះអន្តរាគមន៍
- បទល្មើសនៅតែបន្តកើតមាន ទីតាំងប្រព្រឹត្តបទល្មើសមានសភាពស្មុគស្មាញ
- ការកាប់រានដីព្រៃលិចទឹក និងការកាប់រាន ឈូសឆាយ ហ៊ុំព័ទ្ធដីព្រៃឈើ និងដីព្រៃសហគមន៍ដើម្បីធ្វើការងារកសិកម្ម
- មានការចេញប័ណ្ណកម្មសិទ្ឋិឯកជនលើដីព្រៃបម្រុងទុកអចិន្ត្រៃយ៍ ពុំស្របតាមបទបញ្ញត្តិនៃច្បាប់ស្តីពីព្រៃឈើ ដោយពុំមានការសម្រេចពីរាជរដ្ឋាភិបាល (អនុក្រឹត្យអនុបយោគ)
- សមត្ថភាពរបស់មន្រ្តីរដ្ឋបាលព្រៃឈើ ពាក់ព័ន្ធនឹងបច្ចេកទេសវិទ្យាសាស្រ្តទំនើបនៅមានកម្រិត ឧ. GIS, REMOTE SENSING, 3D MAPPING
- ខ្វះសម្ភារៈ មធ្យោបាយ ថវិកា ប្រេងឥន្ធនៈសម្រាប់ចុះអនុវត្តការងារបង្រ្កាបបទល្មើស
- ខ្វះថវិកាគាំទ្រដល់សហគមន៍នេសាទ និងសហគមន៍ព្រៃឈើសម្រាប់រៀបចំផែនការ
III. ទិសដៅការងារ ២០២០
កិច្ចប្រជុំបានសម្រេចដាក់ចេញទិសដៅសម្រាប់អនុវត្តឆ្នាំ២០២០ ដូចខាងក្រោម៖
- សហការជាមួយអគ្គនាយកដា្ឋនកសិកម្ម ជាពិសេសនាយកដ្ឋានដំណាំស្រូវ ដើម្បីស្រាវជ្រាវ ពង្រីកពូជស្រូវថ្មីៗ ដែលធននឹងបម្រែបម្រួលអាកាសធាតុ និងផ្តល់វគ្គបច្ចេកទេសដាំដុះដំណាំស្រូវ ទទួលបានទិន្នផលខ្ពស់ និងតម្រូវការទីផ្សារ
- បន្តសហការណ៍ជាមួយគម្រោង អង្គការដៃគូនានាដើម្បីគាំទ្រដល់សហគមន៍ និងក្រុមកសិករ
- សម្របសម្រួលរវាងសហគមន៍ ជាមួយវិស័យឯកជនក្នុងការចុះកិច្ចសន្យាផលិតកម្មកសិកម្ម
- ពង្រឹងការអនុវត្តច្បាប់ស្ពីពីព្រៃឈើ ជលផល និងលិខិតបទដ្ឋានគតិយុត្តនានា
- បន្តផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផលដល់មូលដ្ឋាន
IV. សំណូមពរ
- សំណើសុំថវិកាគាំទ្រដល់ការងារពង្រឹងសហគមន៍កសិកម្ម សហគមន៍នេសាទ និងសហគមន៍ព្រៃឈើ និងការងារផ្សព្វផ្សាយ
- សំណើសុំកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធចូលរួមទប់ស្កាត់និង បង្រ្កាបបទល្មើជលផល និងបទល្មើសព្រៃឈើ
- សំណើសុំមន្ទីរដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្តបញ្ឈប់ការចេញប័ណ្ណកម្មសិទ្ឋិលើដីព្រៃសហគមន៍ និងដីព្រៃឈើគ្រប់ប្រភេទ
- សំណើសុំតុលាការជំរុញនីតិវិធីជំនុំជំរៈសំណុំរឿងឲ្យបានលឿន
- ស្នើសុំការគាំទ្រពីឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពខេត្ត លោកប្រធានគណៈបញ្ជាការឯកភាពស្រុក/ក្រុង និងស្ថាប័នតុលាការ ក្នុងការបង្រ្កាបបទល្មើសព្រៃឈើ ដែលមានការប្រឈមខ្ពស់ក្នុងពេលប្រតិបត្តិ
- ស្នើសុំតុលាការរឹបអូសរាល់មធ្យោបាយប្រព្រឹត្តបទល្មើសកាប់រានដីព្រៃជាសម្បត្តិរដ្ឋ ស្របតាមបទបញ្ញត្តិនៃច្បាប់ស្តីពីព្រៃឈើ
- សំណើសុំថវិកាគាំទ្រដល់ការងារស្រង់ស្ថិតិធ្វើបច្ចុប្បន្នភាពផ្ទៃដីដាំដុះដំណាំកសិកម្ម ៕