ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យសកម្មភាពកែឆ្នៃគ្រាប់ស្វាយចន្ទីរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ
ចេញ​ផ្សាយ ២៧ មេសា ២០២០
236

#ខេត្តកំពង់ធំ

នៅរសៀលថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ចេញពីខេត្តព្រះវិហារ ឆ្លងចូលទឹកដីខេត្តកំពង់ធំ ស្រុកកំពង់ស្វាយ ឃុំជ័យ ភូមិត្រពាំងអារក្ស ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានបន្តដំណើរមកពិនិត្យសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ។ បងស្រី អ៉ីន ឡៃហួត ម្ចាស់សិប្បកម្មបានជម្រាបឯកឧត្តមរដ្ឋមន្រ្តីថា សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីបានបង្កើតឡើង ៥ឆ្នាំមកហើយដោយផ្តើមជាលក្ខណៈគ្រូសារបន្តិចម្តងៗ ឈានមកដល់បច្ចុប្បន្នសិប្បកម្មនេះមានសមាជិក ៤០គ្រួសារ (ភាគច្រើនជាស្រ្តី) និង ៣៥គ្រួសារទៀតជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម។ សិប្បកម្មកែច្នៃនេះ ធ្វើដោយ ដៃ (hand made) ដែលជាផលិតផលមានទីផ្សារល្អ ជាពិសេសទីផ្សារប្រទេសជប៉ុន និងផ្សារទំនើបធំៗនៅក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្នមានលទ្ធភាពផលិតបាន ២តោន/ខែ និងទិញផលិតផលស្រស់ ២០០តោន។ អនាគតគ្រោងនឹងបង្កើនបរិមាណផលិតដើម្បីឆ្លើយតបតាមតម្រូវការ។ បញ្ហាចំបងរបស់បណ្តុំកសិករគឺដើមទុនផលិត។

ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរសាទរ និងកោតសរសរសើរចំពោះការខិតខំប្រឹងប្រែង មាន គំនិតច្នៃប្រឌិត ប្រមូលផ្តុំកំលាំងស្រ្តីរួមគ្នាបង្កើតអាជីពរឹងមាំមួយ និងមានចំណូលល្អប្រសើរ ដោយបានអនុវត្តបច្ចេកទេសងាយៗ ប្រើកំលាំងពលកម្មមនុស្ស មានអនាម័យល្អប្រសើរទាំងអនាម័យផលិតផល និងអនាម័យផ្ទាល់ខ្លួន។ លោកសុំឱ្យនាយកដ្ឋានកសិ-ឧស្សាហកម្ម និងមន្ទីរជួយធ្វើជាស្ពានចំលងរវាងសិប្បកម្ម ជាមួយធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ដើម្បីឱ្យពួកគាត់អាចទទួលបានកម្ចីឥណទានយកមកពង្រីកអាជីវកម្មនាពេលអនាគតបន្ថែម។ ក្រសួងនឹងសហការ គាំទ្រគ្រប់បែបយ៉ាងដើម្បីឱ្យសិប្បកម្មរបស់ពួកគាត់មាននិរន្តរភាព និងចំណូល ហើយក្នុងន័យសំខាន់គឺជម្រុញផលិតកម្មកែច្នៃក្នុងស្រុក និងបង្កើតការងារសម្រាប់ស្រ្តីនៅមូលដ្ឋាន។

ចំនួនអ្នកចូលទស្សនា
Flag Counter