#ខេត្តកំពង់ធំ
នាព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហការណ៍ជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីចុះកិច្ចសន្យាផលិតផលកសិកម្ម ស្ដីពី "ការទិញលក់ផលិតផលស្វាយចន្ទី" រវាងក្រុមកសិករដាំស្វាយចន្ទី ជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមអធិបតីភាព លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម ដែលមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ និងអ្នកពាក់ព័ន្ធផងដែរដែលមានអ្នកចូលរួមសរុបចំនួន ៣២នាក់ ស្រី០៧ នាក់ ។
លោក កាន់ សាឡន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរាយការណ៍ថា ក្រោមការសហប្រតិបត្តិការរវាង មន្រ្តីជំនាញ នៃនាយកដ្ឋានកសិឧស្សាហកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងមានការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា នៅក្នុងឆ្នាំ២០១៩ យើងមានការចុះកិច្ចសន្យាផលិតកម្មកសិកម្ម បានចំនួន ២១ កិច្ចសន្យា និងក្នុងឆ្នាំ២០២០ បានចំនួន ១៦ កិច្ចសន្យា ហើយនៅក្នុងថ្ងៃនេះ យើងបានរៀបចំចុះកិច្ចសន្យាចំនួន ០៧ កិច្ចសន្យាទៀត ។
ជាមួយ គ្នានេះដែរលោកស្រី អ៊ិន ឡៃហួត តំណាងសិប្បកម្មកែច្នៃគ្រាប់ពូជស្វាយចន្ទី ជ័យសំបូរ បានលើកឡើងថាដើម្បីធានាបាននូវការកែច្នៃគ្រាប់ស្វាយចន្ទីដែលមានគុណភាពខ្ពស់និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ក្រុមការងារបច្ចេកទេសបានធ្វើការសិក្សាបច្ចេកទេសសំខាន់ៗនៅក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីដោយបានរៀបចំជាដំណើរការកែច្នៃអនុលោមតាមស្តង់ដារសាកល និងបទពិសោធន៍ជាក់ស្ដែងដែលធ្លាប់អនុវត្តកន្លងមកដូចជាការគ្រប់គ្រងគុណភាពសុវត្ថិភាពចំណីអាហារ គោលការណ៍អនាម័យ ការសិក្សាខ្សែច្រវ៉ាក់កែច្នៃនិងគ្រប់គ្រងដំណាក់កាលនីមួយៗរៀបចំនិងគ្រប់គ្រងរបាយការណ៍ការត្រួតពិនិត្យនិងថែទាំឧបករណ៍សម្រាប់ជាដើម។
លោកស្រីបានបន្តទៀតថាការចុះកិច្ចសន្យាធ្វើឲ្យមានភាពកក់ក្តៅរវាងក្រុមហ៊ុននិងកសិករនិងដើម្បីផ្ដល់ភាពទុកចិត្តដល់អ្នកដាំដុះនិងធ្វើឲ្យមានការកាត់បន្ថយការចំណាកស្រុករបស់បងប្អូនប្រជាពលរដ្ឋជាពិសេសស្ត្រីមេផ្ទះ។ នោះលោកស្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកដាំដុះត្រូវធ្វើយ៉ាងណាជួយសម្រិតសម្រាំងនៅពូជក៏ដូចជាផលិតផលឲ្យបានល្អកុំយកគំនិតដែលមិនល្អទៅអនុវត្តដើម្បីធ្វើឲ្យការបាត់បង់នូវទីផ្សាររបស់ខ្លួន ។
នាក្នុងឱកាសនោះលោក គង់ ភាជ ប្រធាន នាយកដ្ឋានកសិឧស្សាហកម្ម បានលើកឡើងថា ការចុះកិច្ចសន្យាផលិតកម្មកសិកម្ម គឺជាការធ្វើពាណិជ្ជកម្មស្មោះត្រង់មួយដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម បានដាក់ចេញ ក្នុងគោលបំណងបង្កើនទាំងបរិមាណ និងគុណភាព លើផលិតផលរបស់កសិករ ស្របទៅតាមទីផ្សារជាតិ និងអន្តរជាតិ ។
លោកអះអាងថា កិច្ចសន្យានេះមានការព្រមព្រៀង រវាងភាគ្គីអ្នកផលិតដែលជាកសិករ ឬសហគមន៍ និងភាគីក្រុមហ៊ុន ដែលកំណត់រួចជាស្រេច ទាំងកម្រឹតគុណភាពរបស់ផលិតផល កសិកម្ម ព្រមទាំងតម្លៃទីផ្សារនៅថ្ងៃប្រមូលផល អាចនិយាយបានថា ជាការផ្តល់នូវទំនុកចិត្តរវាងគ្នា និងគ្នា។ លោកបន្ថែមថា ចំពោះការចុះកិច្ចសន្យារវាងក្រុមកសិករដាំដុះស្វាយចន្ទីជាមួយសិប្បកម្មកែច្នៃគ្រាប់ពូជស្វាយចន្ទី ជ័យសំបូរ គឺបានជជែកវែកញែករួចជាស្រេចមុននឹងឈានមកដល់ការចុះហត្ថលេខានេះ ដែលអាចផ្តល់នូវផល ចំណេញទាំងប្រជាពលរដ្ឋនិងក្រុមហ៊ុន។ លោកបន្តទៀត ថាពេលនេះក្រសួងបានជំរុញឲ្យការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាគឺខិតខំបន្សុទ្ធពូជជាពិសេសស្វាយចន្ទីM២៣ដើម្បីឲ្យមានការទទួលស្គាល់លើទីផ្សារជាតិនិងអន្តរជាតិ។