កិច្ចប្រជុំពិភាក្សាការងារបង្កបង្កើនផល និងការងារផលិតកម្មកសិកម្ម
ចេញ​ផ្សាយ ២៩ មេសា ២០២០
406

#ខេត្តកំពង់ធំ

នៅរសៀលថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារបង្កបង្កើនផល និងការងារផលិតកម្មកសិកម្ម ដែលមានការអញ្ជើញចូលរួមពី លោក ឈ បៀងគង់ អនុប្រធានមន្ទីរ និងមន្រ្តីក្រោមឱវាទ សរុបចំនួន ២៩នាក់ ស្រី ១០នាក់ ។

នៅក្នុងកិច្ចប្រជុំនេះលោកប្រធានអង្គប្រជុំ បានមានប្រសាសន៍ថា ខេត្តកំពង់ធំគឺជាខេត្តមួយដែលមានសក្ដានុពលខាងវិស័យកសិកម្ម ដែលកន្លងមកតាមការសិក្សាស្រាវជ្រាវទាក់ទងនឹងបញ្ហាស្បៀង បើប្រៀបធៀបនឹងតម្រូវការខេត្តកំពង់ធំមិនមានការខ្វះខាតស្បៀងទេ ដូចជាស្រូវ ត្រី និងសាច់សត្វ យើងមានការខ្វះខាតតែបន្លែតិចតួច ដែលមិនមានជាបញ្ហាទេ ព្រោះកសិករភាគច្រើនតែងមានសួនបន្លែជាលក្ខណៈគ្រួសារ ។ លោកក៏បានមានប្រសាសន៍ឱ្យមន្រ្តីជំនាញជំរុញ លើកទឹកចិត្ត និងគាំទ្រដល់កសិករឱ្យបង្កើនការដាំដុះ និងចិញ្ចឹមសត្វបន្ថែមទៀត ។ នៅខណៈដែលជំងឺកូវីត.១៩ កំពុងតែរាតត្បាត កម្មករ ពលករមួយចំនួនដែលបានធ្វើចំណាកស្រុកត្រូវបាត់បង់ការងារ នឹងត្រឡប់មកស្រុកកំណើតវិញ នៅខណៈនេះ​វិស័យកសិកម្ម  បានដើរតួរយ៉ាងសំខាន់ ដូចនេះមន្រ្តីជំនាញ ត្រូវយកចិត្តទុកដាក់ ជំរុញឱ្យកសិករ ជាពិសេសពលករដែលទើបធ្វើមាតុភូមិនិវត្តន៍ ឱ្យចេះដាំដុះ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ម្យ៉ាងវិញទៀតទាក់ទងវិស័យកៅស៊ូ ក៏ត្រូវការកំលាំងពលកម្មច្រើនណាស់ដែរ ដូចនេះយើងក៏គួរតែណែនាំឱ្យគាត់ព្យាយាមរកការងារក្នុងស្រុក ប្រសើរជាងការចំណាក់ស្រុក ។

ចំនួនអ្នកចូលទស្សនា
Flag Counter