កិច្ចប្រជុំបូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកំពង់ធំ
ចេញ​ផ្សាយ ០៨ កុម្ភៈ ២០២៣
538

#ខេត្តកំពង់ធំ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ  បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំបូកសរុបលទ្ឋផលលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ។

លោក ប៉ែន វណ្ណរិទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍សង្ខេប គឺ សម្រាប់ឆ្នាំ២០២២កន្លងទៅនេះ ការងារបង្កបង្កើនផលអនុវត្តបានសរុបចំនួន២៥០.៩៧១ហិចតា ក្នុងនោះស្រូវរដូវវស្សាលើផ្ទៃដីចំនួន១៨៥.៤៨៣ហិចតា និងស្រូវរដូវ ប្រាំងលើផ្ទៃដីចំនួន៦៥.៤៨៨ហិចតា ទិន្នផលជាមធ្យមប្រមាណ៣២៩តោនក្នុង១ហិចតា បរិមាណផលស្រូវសរុប ៧៨៥.៩៨៤តោន។ ក្រោយពីការកាត់ចេញសម្រាប់ការទុកពូជការបាត់បង់ក្រោយប្រមូលផល ការចិញ្ចឹមសត្វ និងតម្រូវការស្បៀងនៅទូទាំងខេត្ត គឺនៅមានជាស្រូវចំនួន ៥១៨.៨៨០តោន បើគិតជាអង្ករចំនួន៣៣២.០៨៣តោន ដែលនៅសល់សម្រាប់ផ្គត់ផ្គង់ភ្ញៀវទេសចរណ៍ និងការនាំចេញទៀតផង ។ ខេត្តកំពង់ធំបានរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ប៉ះពាល់ លើស្រូវរដូវវស្សាសរុប២៤ .៩១៨ហិចតា និងខូចខាតស្រូវសរុបចំនួន១២.២៣១ហិកចតា ប៉ុន្តែបានស្តារការឡើងវិញចំនួន១០.២៤៩ហិចតា ដោយទទួលបានស្រូវពូជពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្តី ចំនួន៩៥៩តោន ស្មើនឹង១១.០២២គ្រួសារ លើ០៩ក្រុង-ស្រុក ៤៨ឃុំ និង២៩៨ភូមិ។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ព្រឹមរដ្ឋា អភិបាលរងខេត្ត បានលើកឡើងថា វិស័យកសិកម្មនៅតែមានតួនាទីដ៏សំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ ការផ្ដោតការយកចិត្តទុកដាក់ជាសំខាន់លើការបន្តធ្វើទំនើបកម្មវិស័យកសិកម្ម តាមរយៈការបង្កើន ផលិតភាព ដោយបានជំរុញការអនុវត្ត វិធានការចាំបាច់មួយចំនួនរួមមាន ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសេវា ដែលបម្រើដល់ផលិតកម្មកសិកម្ម បង្កើនការផ្តល់សេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្មដល់កសិករ ការស្រាវជ្រាវបច្ចេកទេសកសិកម្ម សំដៅបង្កើនទិន្នផលដំណាំ បង្កើនប្រាក់ចំណេញ និងកាត់បន្ថយថ្លៃដើម អាចបន្សំនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រង និងបង្កើនជីជាតិដីកសិកម្ម ការពង្រឹងសហគមន៍កសិកម្ម ព្រមទាំងការកសាង និងពង្រឹងសមត្ថភាពធនធានមនុស្ស និងស្ថាប័ន ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម។

ឯកឧត្តម ព្រឹម រដ្ឋា បានថ្លែងនៅក្នងអង្គប្រជុំ ត្រូវបង្កើនកិច្ចសហការជាមួយបណ្តាមន្ទីរ អង្គភាព អង្គការដៃគូអភិវឌ្ឍពាក់ព័ន្ធបន្ថែម និងពិនិត្យ ដោះស្រាយសម្រួលរាល់បញ្ហាប្រឈម ផ្សេងៗដែលបានជួបប្រទះនាពេលកន្លងមក ។ បន្តពង្រឹងការគ្រប់គ្រងធនធានជលផល និងការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃ ប្រកបដោយនិរន្តភាព ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

ចំនួនអ្នកចូលទស្សនា
Flag Counter