#ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងសហការីបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបិទកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ។
លោក ប៉ែន វណ្ណរិទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឡើងធ្វើរបាយការណ៍ ពីការរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ធានាបាននូវសន្តិសុខស្បៀង និងប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា តាមអភិក្រម និងក្នុងវិសាលភាព និងល្បឿនថ្មី សំដៅជំរុញការរីកលូតលាស់សេដ្ឋកិច្ចកសិកម្ម ការនាំចេញផលិតផលកសិកម្ម រួមនឹងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្ដរភាព។
ថ្លែងនៅក្នុងកម្មវិធីនោះឯកឧត្តម ម៉ាន សុគ្រី បានថ្លែងថា វិស័យកសិកម្មក៏នៅជួបបញ្ហាប្រឈមមួយចំនួនមាន÷ សមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធរបស់ការងារស្រាវជ្រាវកសិកម្មនៅមិនទាន់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។ ផលិតកម្មដំណាំកសិកម្មនៅមានផលិតភាពទាប កសិកម្មនៅមានកម្រិតព្រមទាំងកង្វះការវិនិយោគលើការកែច្នៃ។ ប្រព័ន្ធកសិកម្មនៅកម្ពុជាភាគច្រើនជាកសិកម្មខ្នាតតូច ដែលតែងតែទទួលរងនូវផលប៉ះពាល់ជាអវិជ្ជមានពីបាតុភូតធម្មជាតិ នៃការប្រែប្រួលអាកាសធាតុ។ ការទប់ស្កាត់បទល្មើសព្រៃឈើ និងជលផល ការនាំចេញជ័រ និងឈើកៅស៊ូមិនទាន់កែច្នៃ ការនាំចូលសត្វ និងសម្ភារកសិកម្មខុសច្បាប់នៅមានកម្រិត ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្ម ក៏ដូចជាផលិតកម្មក្នុងស្រុកពុំទាន់បានបំពេញគ្រប់គ្រាន់ទៅតាមតម្រូវការ។ ការលំបាកក្នុងការរកទីផ្សារលក់ផលិតផលកសិកម្ម និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យានៅជួបបញ្ហា។
ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវបន្ថែម សូមថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទត្រូវយកចិត្តទុក ដាក់ពង្រឹងការងារដឹកនាំ គ្រប់គ្រង និងទទួលខុសត្រូវខ្ពស់ គោរពវិន័យ ក្រមសីលធម៌ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការគោរពវិជ្ជាជីវៈរបស់មន្រ្តីរាជការឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងខិតខំដោះស្រាយនូវបញ្ហាប្រឈម ដែលនៅសេសសល់ក្នុងឆ្នាំ២០២២។ ពង្រឹងការគ្រប់គ្រងធនធានជលផល ដីធ្លី ការគ្រប់គ្រងធន ធានព្រៃឈើ និងសត្វព្រៃប្រកបដោយនិរន្តភាព ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងការទប់ និងបង្រ្កាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ រាល់លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាល ក៏ដូចក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញ ដោយផ្សារភ្ជាប់ទៅនឹងការសិក្សាស្រាវជ្រាវ រិះរកមធ្យាបាយ និងវិធានការនានា ដើម្បីប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ក៏បានផ្ដល់កិត្តយសបំពាក់គ្រឿងឥស្សររីយសជូនមន្រ្តីរាជការដែលមានស្នាដៃ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន ២២ រូបផងដែរ ។