ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ អញ្ជើញចូលរួមសំណេះសណាលជាមួយថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល និងការិយាល័យចំណុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ
ចេញ​ផ្សាយ ១០ កុម្ភៈ ២០២៣
256

#ខេត្តកំពង់ធំ 

នាថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមសំណេះសណាលជាមួយថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល និងការិយាល័យចំណុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ។ ឯកឧត្តម បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីស្វែងយល់ពីស្ថានភាព និងការងាររបស់មន្ទីរ បញ្ហាប្រឈម និងទិសដៅបន្ទាប់របស់មន្ទីរ និងដើម្បីប្រមូលធាតុចូល​សម្រាប់កម្មវិធីថ្នាក់ជាតិ ដែលក្រសួងគរោងនឹងអនុវត្តនាពេលខាងមុខ ។

លោក ប៉ែន វណ្ណរិទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍សង្ខេប គឺ សម្រាប់ឆ្នាំ២០២២កន្លងទៅនេះ ការងារបង្កបង្កើនផលអនុវត្តបានសរុបចំនួន២៥០.៩៧១ហិចតា ក្នុងនោះស្រូវរដូវវស្សាលើផ្ទៃដីចំនួន១៨៥.៤៨៣ហិចតា និងស្រូវរដូវ ប្រាំងលើផ្ទៃដីចំនួន៦៥.៤៨៨ហិចតា ទិន្នផលជាមធ្យមប្រមាណ៣២៩តោនក្នុង១ហិចតា បរិមាណផលស្រូវសរុប ៧៨៥.៩៨៤តោន។ ក្រោយពីការកាត់ចេញសម្រាប់ការទុកពូជការបាត់បង់ក្រោយប្រមូលផល ការចិញ្ចឹមសត្វ និងតម្រូវការស្បៀងនៅទូទាំងខេត្ត គឺនៅមានជាស្រូវចំនួន ៥១៨.៨៨០តោន បើគិតជាអង្ករចំនួន៣៣២.០៨៣តោន ដែលនៅសល់សម្រាប់ផ្គត់ផ្គង់ភ្ញៀវទេសចរណ៍ និងការនាំចេញទៀតផង ។ ខេត្តកំពង់ធំបានរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ប៉ះពាល់ លើស្រូវរដូវវស្សាសរុប២៤ .៩១៨ហិចតា និងខូចខាតស្រូវសរុបចំនួន១២.២៣១ហិកចតា ប៉ុន្តែបានស្តារការឡើងវិញចំនួន១០.២៤៩ហិចតា ដោយទទួលបានស្រូវពូជពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្តី ចំនួន៩៥៩តោន ស្មើនឹង១១.០២២គ្រួសារ លើ០៩ក្រុង-ស្រុក ៤៨ឃុំ និង២៩៨ភូមិ ។ ដោយសាកត្តាទឹភ្លៀង និងកត្តាធាតុចូលថ្លៃ ទើបធ្វើឱ្យកសិករខកខានបង្កបង្កើនផលស្រូវលើផ្ទៃដីចំនួន ជា៦ម៉ឺន ហិកតា ។ ចំពោះការងារសហគមន៍ មាន៖ សហគមន៍កសិកម្មសរុបចំនួន ៨០ សមាជិកសរុបចំនួន១២ ០១០នាក់ ក្នុងនោះស្រីចំនួន៨ ២៥៣នាក់ មានភាគហ៊ុន សរុបចំនួន ៨១ ៧១២ហ៊ុន មានទុនសរុបចំនួន ៣ ០៥៨ ៦៨៨ ៩០០៛ សហគមន៍ព្រៃឈើចំនួន ៨៣ កន្លែង លើផ្ទៃដីទំហំ ៧៤ ៥៥៨,០២ហិកតា មានសមាជិកសរុបចំនួន ១២ ៥៨៣គ្រួសារ ស្មើនឹង ៣៤ ៦០១នាក់ ក្នុងនោះស្រីចំនួន ១៧ ៦២៥នាក់ និងសហគមន៍នេសាទមានចំនួន ៤២សហគមន៍ មានប្រជាពលរដ្ឋប្រមាណ១៦ ៤៩៧នាក់ ស្រី៨ ២៩៧នាក់ជាសមាជិកសហគមន៍នេសាទ ។ ចំពោះបញ្ហាប្រឈមមានដូចជា៖ ខ្វះប្រព័ន្ធស្រោចស្រព ការប្រែប្រួលអាកាសធាតុ កត្តាធាតុចូលកសិកម្មឡើងថ្លៃ ។

ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ បានមានប្រសាសន៍ថា នៅពេលដែលរាជរដ្ឋាភិបាល បានធ្វើសមាហរណកម្ម រួមបញ្ចូលរវាងវិស័យធនធានទឹក បរិស្ថាន កសិកម្ម សូមឱ្យវិស័យកសិកម្មឈានមុខ ដឹកនាំការងារ ជាពិសេសសូមឱ្យកសិកម្មសកម្មក្នុងការសម្របសម្រួលការងារជាមួយវិស័យពាក់ព័ន្ធក្នុងផលិតកម្ម និងទីផ្សា ដែលមានតួអង្គសំខាន់ពីរ គឺ សហគមន៍ និងវិស័យឯកជន ។ ឯកឧត្តមមានប្រសាសន៍បន្ថែមថា សូមឱ្យមន្ទីរពង្រឹងសហគមន៍ឡើងវិញទាំងសហគមន៍កសិកម្ម សហគមន៍នេសាទ និងសហគមន៍ព្រៃឈើព្រោះសហគមន៍ដើរតួយ៉ាងសំខាន់ក្នុងផលិតកម្ម ក្នុងនោះយើងក៏ត្រូវពង្រឹងលើភ្នាក់ងារពេទ្យសត្វភូមិ និងភ្នាក់ងារផ្សព្វផ្សាយឃុំ ។

ឯកឧត្តមក៏បានផ្ដល់អនុសាសន៍ ដើម្បីដោះស្រាយបញ្ហាដូចខាងក្រោម៖

-បញ្ហាប្រព័ន្ធស្រោចស្រព ថ្នាក់ដឹកនាំបាន និងកំពុងដោះស្រាយបញ្ហាប្រព័ន្ធស្រោចស្រពនេះ ជាមួយស្ថាប័នពាក់ព័ន្ធ 

-បញ្ហាការប្រែប្រួលអាកាសធាតុ គឺយើងត្រូវធ្វើសកម្មភាពដើម្បីបន្សាំខ្លួន និងសកម្មភាពដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ ។ ឯកឧត្តមក៏បានសាកសួរបន្ថែមពីស្ថានភាពសហគមន៍ព្រៃឈើ និងសហគមន៍នេសាទ និងបាននាំយកនូវអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តីសូមឱ្យមន្ទីរគិតគូរលើសហគមន៍នេសាទបើគាត់មានបំណងចង់ផ្លាស់ប្ដូរមុខរបរពីនេសាទគឺយើងត្រូវគាំទ្រពួកគាត់ ។

-បញ្ហាធាតុចូលកសិកម្មឡើងថ្លៃ សូមឱ្យមន្ទីរពិនិត្យមើលកសិដ្ឋានចិញ្ចឹមសត្វ តើអាចផលិតលាមកបានប៉ុន្មានតោន និងរោងម៉ាស៊ីនកិនស្រូវក៏ដូចជា រោងសិប្បកម្មកែច្នៃផលិតផលកសិកម្ម តើអាចផលិតអង្កាម និងកាកសំណល់ផលិតផលកសិកម្មបានប៉ុន្មាតោន ដើម្បីយើងអាចប៉ានប្រមាណពីសក្ដានុពលផលិតជីធម្មជាតិ ក្នុងកម្រិតគ្រួសារ កម្រិតសហគមន៍ ឬកម្រិតសហគ្រាស ដើម្បីកាត់បន្ថយថ្លៃដើមផ្នែកជី ចំពោះថ្លៃដើមចំណីសត្វគឺត្រូវពិនិត្យមើលលើទីសត្តឃាត តើអាចផលិតកាកសំណល់បានប៉ុម្មានតោន សម្រាប់ផលិតជាចំណីសត្វ ចំពោះបញ្ហាថ្លៃដើមពូជស្រូវ ក្រសួងបាន និងកំពុងគិតគូរ ហើយសូមឱ្យមន្ទីរធ្វើការជាមួយសហគមន៍ផលិតពូជស្រូវ និងគួរជួយគាំទ្រសហកមន៍ និងកសិករឱ្យប្រើប្រាស់ម៉ាស៊ីនស្ទូង ។

ឯកឧត្តមក៏បានផ្ដល់អនុសាសន៍បន្ថែមទៀតថា សូមឱ្យមន្ទីរបង្រៀនកសិករ និងសហគមន៍ឱ្យចេះគិតគូរវិភាគលើការចំណាយថ្លៃដើមផលិត គិតគូរលើទីផ្សារដោយចងក្រងជាសហគមន៍ ឬក្រុមផលិតដើម្បីធានាបាននូវតម្លៃ ។

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter