#ខេត្តកំពង់ធំ
នាថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីបានសំណេះសណាលជាមួយថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល និងការិយាល័យចំណុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ រួចមកឯកឧត្តមបានដឹកនាំកិច្ចប្រជុំជាមួយតំណាងរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តកំពង់ធំផងដែរ ដើម្បីពិភាក្សាលើការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម រវាងរោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្ម ។
ឯកឧត្តមបានដឹកនាំកិច្ចប្រជុំ លើគម្រោងសាកល្បងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្សរូវអង្ករកម្ពុជា ដែលទូទាំងប្រទេសមានរោងម៉ាស៊ីនកិនស្រូវចំនួន ៣៣ ដែលស្ម័គ្រចិត្តចូលរួម ក្នុងនោះក្នុងខេត្តកំពង់ធំមានរោងម៉ាស៊ីនកិនស្រូវចំនួន ០៥ បានចូលរួមមានៈ រោងម៉ាស៊ីន ១៦៨៨ ក្រុមហ៊ុន Daily Fresh Food (Cambodia) Co,LTD ក្រុមហ៊ុន Amru Rice (Cambodia) Co,LTD រោងម៉ាស៊ីន ងួន ហុង និងរោងម៉ាស៊ីន Asia Central Prime Rice Co,.LTD ។
ក្នុងកិច្ចប្រជុំនេះអង្គប្រជុំបានពិភាក្សាពីបញ្ហាប្រឈម និងដំណោះស្រាយលើការងារកិច្ចសន្យាផលិតកម្មកសិកម្ម និងបញ្ហាគុណភាពស្រូវអង្ករធ្លាក់ចុះ ដោយបានលើកពីបទពិសោធន៍ការងាររបស់ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវជាមួយសហគមន៍ និងបានពិភាក្សាលើតម្រូវការស្រូវក្នុងខេត្តកំពង់ធំទាំង៥ក្រុមហ៊ុនមាន ស្រូវផ្ការំដួល ៩ពាន់តោន ដែលត្រូវការផ្ទៃដីសម្រាប់ផលិត ៤,៥០០ ហិកតា និងពូជ ៤៥០ តោន និងស្រូវសែនក្រអូប ០១ ត្រូវការ ៨ពាន់តោន ដែលត្រូវការផ្ទៃដីសម្រាប់ផលិត ២ពាន់ ហិកតា និងពូជ ៣០០ តោន ។