សហគមន៍ចំនួន៤៦ នៅក្នុងខេត្តកំពង់ធំ បានចុះកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងផ្គត់ផ្គង់ស្រូវរវាងរោងម៉ាស៊ីនកិនស្រូវ ឱ្យមានប្រសិទ្ធភាព និងគុណភាពខ្ពស់
ចេញ​ផ្សាយ ២៧ មិថុនា ២០២៣
415

# ខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ បានរៀបចំពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងផ្គត់ផ្គង់ស្រូវរវាងរោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្មក្នុងខេត្តកំពង់ធំចំនួន ៤៦ សហគមន៍ ក្រោមអធិបតីភាព ឯកឧត្តម  ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  

នាក្នុងឱកាសនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ដើម្បីឱ្យវិស័យកសិកម្មនៅខេត្តកំពង់ធំ មានសន្ទុះកាន់តែខ្លាំងឡើង ប្រជាកសិករ និងសហគមន៍ទាំងអស់ ត្រូវតែជ្រើសរើសពូជណាដែលសុទ្ធល្អ យកមកដាំដុះងាយស្រួលរកទីផ្សារ និងបានតម្លៃខ្ពស់ ក្នុងនោះរោងម៉ាស៊ីនកិនស្រូវក៏សម្រេចទិញយកមកផលិតជាអង្ករក្នុងការនាំចេញទៅក្រៅប្រទេស។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា សម្រាប់ខេត្តកំពង់ធំមានផ្ទៃដីដាំដុះស្រូវសរុបចំនួន២៥៣.៣០០ហិចតា ទទួលបានទិន្នផលជាមធ្យមប្រមាណ៤តោនក្នុង១ហិចតា។ សហគមន៍កសិកម្មបានចុះកិច្ចសន្យាផលិតកម្មកសិកម្មបានចំនួន ៤៦សហគមន៍ក្នុងនោះកិច្ចសន្យា ផលិតកម្មស្រូវចំណីចំនួន៤០ និងផលិតកម្មបន្លែចំនួន០៦ លើផ្ទៃដីចំនួន ១០.០០០ហិចតា ទទួលបានបរិមាណផលចំនួន ៣៤,៩៣៨តោន រោងម៉ាស៊ីនចំនួន០៨ បានចូលរួមផងដែរ ក្នុងនោះរោងម៉ាស៊ីនបានចុះកិច្ចសន្យាចំនួន០៦ និងចំនួន០២ទៀតកំពុងចាប់ដៃគូ ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការរៀបចំធ្វើកសិកម្មអ្វីមួយត្រូវមានតែប្រព័ន្ធមួយច្បាស់លាស់ ដើម្បីរកទីផ្សារឱ្យបានទូលាយ ត្រូវតែមានពូជសុទ្ឋល្អ ក្នុងការទទួលបានទិន្នផលខ្ពស់ បានតម្លៃសមរម្យ និងយកទៅលក់ឱ្យរោងម៉ាស៊ីនកិនស្រូវ ព្រោះគិតថាដំណាំកសិកម្មទាំងអស់សុទ្ធតែជ្រើសរើសពូជបានល្អ។ ដំណាំស្រូវមានគុណភាព ប្រសិទ្ឋភាពខ្ពស់ ស្រូវប្រើសរីរាង្គសុទ្ឋ យកទៅបិភោគមិនប៉ះពាល់ដល់សុខភាព គឺមិនប្រើជីគីមី ថ្នាំសម្លាប់សត្វល្អិត ឬបច្ចេកទេសផ្សេងៗដែលធ្វើឱ្យស្រូវនោះលូតលាស់បានល្អ ។

ឯកឧត្តម រដ្ឋមន្ត្រី បានសំណូមពរដល់សហគមន៍ចំនួន៤៦ទាំងអស់ មេត្តាយកចិត្តទុកដាក់ទៅលើវិស័យកសិកម្មឲ្យមានការរីកចម្រើន ដើម្បីទ្រទ្រង់នៅសុខភាពនិងជីវភាពគ្រួសារឲ្យមានការរីកចម្រើន ក្នុងការនាំចេញផលិតផលមួយចំនួនទៅក្រៅប្រទេសផងដែរ។ ចុងក្រោយសហគមន៍ទាំងអស់និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក៏បានចុះហត្ថលេខាធ្វើកិច្ចសន្យាផលិតកម្មកសិកម្ម ដើម្បីបម្រើឱ្យវិស័យកសិកម្មនៅខេត្តកំពង់ធំទទួលបានលទ្ធផលល្អ។

ចំនួនអ្នកចូលទស្សនា
Flag Counter