ឯកឧត្តម ឌិត ទីណា ចុះពិនិត្យសក្តានុពលសិប្បកម្មកែច្នៃត្រី នៅខេត្តកំពង់ធំ
ចេញ​ផ្សាយ ២៩ មិថុនា ២០២៣
224
# ខេត្តកំពង់ធំ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណប្រតិភូ ចុះធ្វើទស្សនកិច្ចនៅសិប្បកម្មកែច្នៃត្រីបឹងរំពេរ ស្ថិតនៅភូមិចំបក់ជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីស្វែងយល់ពីសមត្ថភាពកែច្នៃត្រីសម្រាប់ចែកចាយលើទីផ្សារ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានពិនិត្យមើលពីច្រវាក់បច្ចេកទេសកែច្នៃត្រីស្រស់ដែលប្រមូលទិញពីប្រជាសហគមន៍នេសាទក្នុងតំបន់ និងតាមឡូចិញ្ចឹមបែបលក្ខណៈគ្រួសារ តាមដំណាក់កាលនីមួយៗ រហូតដល់ការវិចខ្ចប់ជាផលិតផលសម្រេចសម្រាប់ចែកចាយលើទីផ្សារ។ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរអំពីឱជារសរបស់ត្រី សោភណ្ឌភាពនៃការវេចខ្ចប់ និងការរក្សាទុកផលិតផលសម្រេច បន្ទាប់ពីបានភ្លក្ស និងពិនិត្យមើលដោយផ្ទាល់។ ជាមួយគ្នានោះដែរ ឯកឧត្តម ឌិត ទីណា ក៏បានសំណេះសំណាលជាមួយម្ចាស់សិប្បកម្ម និងប្រជាសហគមន៍អ្នកផ្គត់ផ្គង់ត្រី ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់នានា ក្នុងការពង្រឹង និងពង្រីកអាជីវកម្មកែច្នៃត្រីលក្ខណៈសហគមន៍នេះ ឱ្យរីកចម្រើនកាន់តែល្អប្រសើរ។ នៅចំពោះមុខសហគមន៍ ឯកឧត្តមរដ្ឋមន្ដ្រីបានផ្ដល់ដំណោះស្រាយភ្លាមៗ ឆ្លើយតបទៅនឹងសំណូមពររបស់សហគមន៍ ពាក់ព័ន្ធទៅនឹងទុន ទីផ្សារ និងការចុះបញ្ជីម៉ាកសញ្ញាសម្គាល់ផលិតផលកម្រិតស្តង់ដារ។ សិល្បកម្មកែច្នៃត្រីបឹងរំពេរ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ក្រោមការសម្របសម្រួលពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ (ASPIRE) ដោយមានការគាំទ្រជាបន្តបន្ទាប់ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការដៃគូអភិវឌ្ឍ។ តាមរយៈកម្មវិធីនេះ ប្រជាសហគមន៍ដែលភាគច្រើនជាស្រ្តីចំនួន៥០នាក់ ត្រូវបានចងក្រង និងផ្តល់វគ្គបណ្តុះបណ្តាលពីជំនាញបច្ចេកទេសកែច្នៃត្រីដែលជាផលិតផលសក្តានុពលនៅក្នុងសហគមន៍ ឱ្យមានស្តង់ដាគុណភាព អនាម័យ និងសោភណ្ឌភាពខ្ពស់ ហើយមានឱជារសឈ្ងុយឆ្ងាញ់ មានតម្លៃល្អ និងអាចរក្សាទុកបានយូរសម្រាប់ចែកចាយលើទីផ្សារ៕
ចំនួនអ្នកចូលទស្សនា
Flag Counter