ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិសែនជ័យ ខេត្តកំពង់ធំ ដែលទើបបំប្លែងខ្លួនទៅជាសហគមន៍កសិកម្មទំនើប
ចេញ​ផ្សាយ ២៧ មីនា ២០២៤
245

#ខេត្តកំពង់ធំ 

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារសហគមន៍កសិកម្មទំនើប បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលទើបបំប្លែងខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដើម្បីរួមគ្នាផលិតស្វាយចន្ទីឱ្យមានស្តង់ដារតែមួយ ងាយស្រួលលក់នៅលើទីផ្សារជាតិ និងអន្តរជាតិ ។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងលោកប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធផងដែរ ។
ការជួបសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងណែនាំប្រជាសហគមន៍កសិកម្មសាលាវិស័យទាំងអស់ពិចារណាបំប្លែងខ្លួនពីសហគមន៍ចាស់ទៅជាសហគមន៍កសិកម្មទំនើប ដើម្បីផលិតស្វាយចន្ទីលក់នៅលើទីផ្សារ ឱ្យទទួលបានផលប្រយោជន៍ច្រើន។ នៅក្នុងជំនួបនោះ មានអ្នកចូលរួមជាង៥០នាក់ ដោយមានសមាជិកនៅក្នុងសហគមន៍កសិកម្មសាលាវិស័យប្រមាណ៣៨នាក់ បានសម្រេចចូលរួមជាមួយសហគមន៍កសិកម្មទំនើប ដើម្បីរួមគ្នាផលិតស្វាយចន្ទីឱ្យបានកាន់តែច្រើនលក់នៅលើទីផ្សារជាតិ និងអន្តរជាតិ។
បន្ថែមពីនេះ ឯកឧត្តមស្នើទៅប្រជាសហគមន៍ទាំងអស់ដែលចូលក្នុងសហគមន៍ទំនើបនេះ ត្រូវមានភាពស្មោះត្រង់ រួមគ្នាផលិតស្វាយចន្ទីឱ្យមានស្តង់ដារតែមួយ ទើបទទួលបានផលប្រយោជន៍ ចំណេញពេលវេលា មានទីផ្សារល្អ ដោយសារតែថ្លៃដើមទាប ថ្លៃលក់ចេញបានខ្ពស់ និងទទួលបានផលចំណេញច្រើន៕
ចំនួនអ្នកចូលទស្សនា
Flag Counter