#ខេត្តកំពង់ធំ
នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំការិយាល័យជំនាញ សហការជាមួយ អាជ្ញាធរឃុំ និងមន្រ្តីកសិកម្មឃុំ ឃុំបន្ទាយស្ទោង ឃុំចំណាក្រោម និងឃុំសំព្រោជ ស្រុកស្ទោង ចុះពិនិត្យស្ថានភាព ដំណាំស្រូវដែលទទួលរងការបំផ្លាញ ដោយដង្កូវហ្វូង និងបានផ្តល់ការណែនាំនូវ ការផ្សព្វផ្សាយ ពីវិធីសាស្រ្ត ការពារ កំចាត់ ដើម្បីអន្តរាគមន៍ឲ្យទាន់ពេលវេលា នៅស្រុកស្ទោង ខេត្តកំពង់ធំ។
ឆ្លៀតក្នុងឱកាសនោះលោកប្រធានមន្ទីរបាននាំយកថ្នាំសម្លាប់ដង្កូវហ្វូងជូនកសិករ ដើម្បីសំលាប់ដង្កូវហ្វូង ។ លោកក៏បានណែនាំទៅប្រជាសហគមន៍ និងប្រជាកសិករ ប្រើថ្នាំបាញ់សម្លាប់ដង្កូវហ្វូងនៅពេលព្រឹក ពេលល្ងាច ឬពេលយប់ជាដើម ទើបសម្លាប់ដង្កូវនោះបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។
ករណីនេះលោកបានណែនាំទៅមន្ត្រីកសិកម្មឃុំ ត្រូវសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងវាយតម្លៃលើដំណាំស្រូវដែលដង្កូវហ្វូងស៊ីជាប្រចាំ ដើម្បីស្រង់ស្ថិតិ ឬទិន្នន័យដែលរងផលប៉ះពាល់បន្ថែមទៀត បញ្ជូនទៅមន្ទីរជំនាញពិនិត្យ និងងាយស្រួលរកវិធីជួយដោះស្រាយបញ្ហាប្រឈមទាំងនោះ ជូនប្រជាកសិករនៅតំបន់នោះ៕