#ខេត្តកំពង់ធំ
នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ព្រីម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានដឹកនាំក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យស្ថានភាពដង្កូវហ្វូង បំផ្លាញដំណាំស្រូវក្នុងខេត្តកំពង់ធំ ។
ជាលទ្ធផលបានពិនិត្យឃើញថា តាមរយៈការយកចិត្តទុកដាក់របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចុះរកវិធានការកំចាត់ និងផ្សព្វផ្សាយជូនដល់កសិករ តាមរយៈអាជ្ញាធរមូលដ្ឋាន និងមន្រ្តីកសិកម្មឃុំ ឃើញថាស្ថានភាពមានភាពល្អប្រសើ ដោយដង្កូវហ្វូងត្រូវបានសំលាប់ស្ទើតែទាំងអស់ ផ្ទៃដីរងការខូចខាតក៏មានការថយចុះ ដំណាំស្រូវមានការដុះលូតសលាស់ឡើងវិញ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានផ្ដល់អនុសាសន៍ដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការជាមួយមន្រ្តីជំនាញ ដែលមានមន្រ្តីកសិកម្មឃុំ ការិយាល័យកសិកម្មស្រុក និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីបន្តកម្ចាត់ដង្កូវហ្វូងឱ្យការបំផ្លាញឈានដល់ការលុបបំបាត់ទាំងស្រុង និងបន្តពិនិត្យជាប្រចាំនូវសមាសភាពចង្រៃផ្សេងៗដែលបំផ្លាញដំណាំ ដើម្បីរកដំណោះស្រាយទាន់ពេលវេលាជូនដល់ប្រជាកសិករយើង ៕